
មន្ដ្រី មជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គមនៅទីក្រុងភ្នំពេញ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ មករា ២០០៩នេះថា ការប្រើប្រាស់មួកពាក់ការពារសុវត្ថិភាពរបស់អ្នកធ្វើចរាចរណ៍តាមដង ផ្លូវសាធារណៈសព្វថ្ងៃនេះ ត្រូវបានគេសង្កេតឃើញថា ៣០% បានប្រើប្រាស់មួកមិនមានសុវត្ថិភាពត្រឹមត្រូវទេ ដែលជាហេតុជំរុញឲ្យគ្រោះថ្នាក់ចរាចរណ៍មិនអាចកាត់បន្ថយបាន។ ប្រធានមជ្ឈមណ្ឌលជាតិនិងសីលធម៌សង្គម លោក ប៉ូ សំណាង បានមានប្រសាសន៍ថា តាមការស្រាវជ្រាវកន្លងមក ចំពោះអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ ដែលបានបើកបរនៅលើដងផ្លូវនោះ ហាក់នៅមិនទាន់បានយល់ច្បាស់អំពីសារសំខាន់នៃការប្រើប្រាស់មួក ពាក់ការពារអាយុជីវិតក្នុងពេលគេធ្វើចរាចរណ៍នោះទេ។ នាយរងទី១នៃការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញ លោកអនុសេនីយ៍ឯក ចេវ ហាក់ បានឲ្យដឹងថា លោកក៏ទទួលស្គាល់ដែរថា មានអ្នកប្រើប្រាស់មួកពុំមានសុវត្ថិភាពក្នុងពេលធ្វើចរាចរណ៍តាម ផ្លូវនោះមែនហើយ ប៉ុន្តែមិនមានចំនួនច្រើនណាស់ណាទេ។ មន្ដ្រីមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បានប្រាប់ឲ្យដឹងដែរថា មជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បានមានផែនការសហការជាមួយក្រុមវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធសរីរាង្គ វិជ្ជា នឹងចុះធ្វើការអប់រំដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវនៅថ្ងៃទី២៥ មករា ខាងមុខនេះ ដើម្បីឲ្យគេកាន់តែយល់ច្បាស់អំពីថាតើមួកសុវត្ថិភាពមួយណាដែលគេ គួរទិញយកមកពាក់ដើម្បីការពារការប៉ះទង្គិចក្បាលក្នុងពេលដែលជួប គ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយនោះ។ មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ផងដែរថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៨ កន្លងទៅ គឺមានចំនួន ៧០០ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០០៧ គឺមានការថយចុះ ប៉ុន្តែជនរងគ្រោះដល់ស្លាប់បាត់បង់ជីវិតគឺមានការកើនឡើង៕
0 comments:
Post a Comment