
កេង វ៉ាន់សាក់ ដែលជាបណ្ឌិតអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញម្នាក់ដែលទើបបានទទួល មរណភាពកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។បណ្ឌិតអក្សរសាស្ត្រខ្មែរ លោក កេង វ៉ាន់សាក់ បានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ នៅមន្ទីរពេទ្យ Montmorency ក្នុងប្រទេសបារាំង។ លោក កេង វ៉ាន់សាក់ គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។ ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ Quelques aspects de la Litterature Khmere រឿង Reamker ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ Recherche D'un Fond Culturel Khmer និងកំណាព្យជាភាសាបារាំង ឈ្មោះ Tragedie D'un Peuple។ មរណភាពរបស់បណ្ឌិត កេង វ៉ាន់សាក់ បានញ៉ាំងឲ្យអ្នកអក្សរសាស្ត្រខ្មែរជំនាន់ក្រោយបានសម្តែងការសោកស្តាយជាខ្លាំង។លោកសាស្ត្រាចារ្យ សូ មុយឃៀង នៃសមាជិកក្រុមសង្កេតការណ៍សេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ដែលជាក្រុមស្រាវជ្រាវដ៏សំខាន់មួយរបស់កម្ពុជា បានមានប្រសាសន៍មរណភាពរបស់លោក កេង វ៉ាន់សាក់ គឺជាការបាត់បង់ឃ្លាំងនៃចំណេះដឹងមួយ។ លោក កេង វ៉ាន់សាក់ បានទទួលមរណភាព នាវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ដោយសារតែជំងឺទឹកចូលសួត។ អ្នកជិតស្និទ្ធនឹងលោក កេង វ៉ាន់សាក់ បានឲ្យដឹងថា លោក កេង វ៉ាន់សាក់ ពិតជាមានបំណងមកកាន់កម្ពុជា នាពេលចុងក្រោយនោះមែន ហើយលោកថែមទាំងមានបណ្តាំថា ចង់ឲ្យគេយកធាតុរបស់លោកទៅបញ្ចុះជាមួយនឹងចេតិយមាតារបស់លោកនៅ ប្រទេសកម្ពុជាទៀតផង។
Quote from rfa
0 comments:
Post a Comment