
មន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា មានការរកឃើញមេរោគH5N1 នៅលើសត្វចិញ្ចឹមដែលបានយកមកពិសោធន៍ពីតំបន់ដែលមានមនុស្សកើតរោគ ផ្តាសាយបក្សីនៅខែត្រកណ្តាល។ កម្មកររែកមាន់នៅឯផ្សារមួយកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃទី១២ ធ្នូ ២០០៨។ លោក កៅ ផល ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍នៅថ្ងៃទី១៧ ធ្នូ ឲ្យដឹងថា មន្រ្តីក្រសួងកសិកម្មនិងអាជ្ញាធរមូលដ្ឋាន រួមមានតំណាងមកពីអង្គការ FAO ផង បាននាំគ្នាទៅកម្ទេចសត្វចិញ្ចឹមដែលមានមាន់ ទា មាន់ដាំងដុង និងក្ងានចំនួន ៣២៦ក្បាល នៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខែត្រកណ្តាល នៅថ្ងៃទី១៧ ធ្នូនេះ ដែលជាតំបន់ចាត់ទុកថាមានការផ្ទុះមេរោគផ្តាសាយបក្សី។ តាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៧ ធ្នូ បានឲ្យដឹងដែរថា ចំពោះតំបន់ដែលរកឃើញថាមានមេរោគគ្រុនផ្ដាសាយបក្សីនោះ គេត្រូវតែបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះ ជំងឺទៅតាមវិធានបសុពេទ្យ ផ្អាកជាបណ្តោះអាសន្នការទិញលក់និងដឹកជញ្ជូនចំពោះបក្សីគ្រប់ ប្រភេទឆ្លងចូលក្នុងរង្វង់កាំ ៣គីឡូម៉ែត្រពីចំណុចផ្ចិតនៃកន្លែងកើតហេតុ និងចាត់ទុកតំបន់នោះជាតំបន់ការពារនិងតាមដានស្រាវជ្រាវជំងឺក្នុង រយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យមើលចលនាបក្សីជាប្រចាំក្នុងរង្វង់កាំ ១០ គីឡូម៉ែត្រពីចំណុចផ្ចិត។ តាមលោក កៅ ផល បានឲ្យដឹងផងដែរថា អ្នកជំងឺឈ្មោះ តេង សុភ័ក្រ្ត អាយុ១៩ឆ្នាំ ដែលបានកើតជំងឺផ្តាសាយបក្សីនោះ បានជាសះស្បើយវិលទៅផ្ទះវិញហើយ ក្រោយពីមកសម្រាកពេទ្យព្យាបាលកាលពីថ្ងៃទី២៨ វិច្ឆិកា កន្លងទៅ ទាន់ពេលវេលា។ សូមជម្រាបថា នេះជាករណីកើតជំងឺផ្តាសាយបក្សីលើកទី៨ហើយ នៅប្រទេសកម្ពុជា ដែលពីមុនមកមានកើត៧ករណី ហើយបានស្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះមាននៅខែត្រកំពត ៤នាក់ កំពង់ស្ពឺ ១នាក់ ព្រៃវែង ១នាក់ និងកំពង់ចាម ១នាក់៕
QUOTE FROM RFA
0 comments:
Post a Comment